ស្ថានកុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដាយប្រទេសជប៉ុន បើកដំណើរការនៅថ្ងៃទី១ ខែសីហា

ចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដាយនៃខេត្តមីយ៉ាហ្កីប្រទេសជប៉ុន នឹងត្រូវបានបើកដំណើរការ។ ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសជប៉ុននេះ ជាស្ថានកុងស៊ុលទី៥ បន្ទាប់ពីការបើកស្ថានកុងស៊ុលនានា នៅខេត្តហុកកៃដូ និងខេត្តណាកូយ៉ាជាដើម នឹងមានបំរើសេវាផ្តល់ទិដ្ឋការជាដើម ជំនួសឲ្យការងារមួយផ្នែករបស់ស្ថានទូត។
នៅមុនថ្ងៃបើកដំណើរការជាផ្លូវការនេះ មានពិធីបើកសម្ភោធស្ថានកុងស៊ុល ដែលបានប្រារព្ធឡើងនៅឯការិយាល័យស្ថានកុងស៊ុល នាថ្ងៃទី២៦ ខែកក្កដាកន្លងទៅនេះ។ មានភ្ញៀវកិត្តិយសសំខាន់ៗពីព្រះរាជាណាចក្រកម្ពុជា ត្រូវបានអញ្ជើញចូលរួមនៅក្នុងពិធី នៅក្នុងនោះ បុគ្គលិករបស់ទស្សនាវដ្ដីញញឹមម្នាក់ក៏មានវត្តមាននៅក្នុងពិធីនោះផងដែរ។
នៅក្នុងពិធីសម្ភោធបើកស្ថានកុងស៊ុលនោះ តំណាងនៃរដ្ឋាភិបាលកម្ពុជា បានថ្លែងរំពឹងថា តាមរយៈការបើកស្ថានកុងស៊ុលនៅទីក្រុងសេនដាយនេះ នឹងនាំឲ្យមានការរីកចំរើននៃទំនាក់ទំនងពានិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរកាន់តែប្រសើរ ហើយក៏នឹងរំពឹងនូវតួនាទីរបស់ស្ថានកុងស៊ុលចំពោះការបំរើសេវាការងារកុងស៊ុល និងការចេញនូវលិខិតស្នាមទាក់ទងនិងផ្លូវច្បាប់នានា ជូនដល់ប្រជាជនខ្មែរ ក៏ដូចជានិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សាក្នុងខេត្តមីយ៉ាហ្កី ព្រមទាំងតំបន់ក្បែខាងនោះផងដែរ។
បន្ទាប់ពីពិធីសម្ភោធមក មានពិធីជប់លៀងស្វាគមន៍លោកកុងស៊ុលកិត្តិយស TAI Susumu ដែលមានការចូលរួមពីសំណាកភ្ញៀវកិត្តិយសជាច្រើនជាតំណាងពីតំបន់នានានៅក្នុងប្រទេសជប៉ុនចូលរួម។ គួររំលឹកដែរថា តំបន់ដែនសមត្ថកិច្ចនៃស្ថានកុងស៊ុលនេះ គ្រោងនឹងធ្វើការដោយគ្របដណ្តប់ក្នុងខេត្តមីយ៉ាហ្កី និងខេត្តក្បែរខាងក្នុងតំបន់កាន់តូ និងខេត្តនីហ្កាតាផងដែរ។ ហើយដំណើរការផ្តល់ទិដ្ឋការជូនជនជាតិជប៉ុន គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែសីហានេះ។
បច្ចុប្បន្ន មានជើងហោះហើរពីទីក្រុងសេនដាយទៅកាន់តំបន់អាស៊ីកើនឡើង ហើយនៅខែតុលាខាងមុខនេះ នឹងមានការបើកឲ្យដំណើរការការហោះហើរសាឡើងវិញនូវជើងហោះហើរអាកាសចរថៃពីទីក្រុងសេនដាយ ទៅកាន់ទីក្រុងបាងកកជាដើម បានសម្រួលដល់ការមកកាន់ប្រទេសកម្ពុជាផងដែរ។ ចំពោះភ្ញៀវជប៉ុនដែលមានគម្រោងទស្សនានិងពិគ្រោះអំពីទិដ្ឋការកម្ពុជា សូមអញ្ជើញមកកាន់ស្ថានកុងស៊ុល។
<ព័ត៌មានលំអិត>
ស្ថានកុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដាយ
7th Floor, Eastern building, 1-6-6 Kamisugi, Aoba-ku, Sendai-shi,
Post Code: 980-0011, Tel. 022-393-4861 Fax. 022-393-4862
គេហទំព័រផ្លូវការនៃស្ថានកុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដាយ
※ថ្ងៃសំរាកប្រចាំរដូវក្តៅ: ថ្ងៃទី១៣(អង្គារ) ដល់ទី១៦(សុក្រ) ខែសីហា
Translation: NOP Visal